សាវតារសង្ខេប
- កម្មវិធីវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(កម្មវីធីRIA) នៅកម្ពុជាសំដៅពង្រឹងភាពប្រកួតប្រជែងនិងប្រសិទ្ធភាពនៃបញ្ញតិ្តកម្ម តាមរយៈការដាក់ឲ្យអនុវត្តនូវគោលការណ៍ប្រតិបត្តិល្អក្នុងនីតិវិធីរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តនៅតាមក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល។ ប្រព័ន្ធនៃការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(ប្រព័ន្ធRIA)តម្រូវឲ្យក្រសួងនីមួយៗអនុវត្តតាមគោលការណ៍ប្រតិបត្តិល្អ និងវាយតម្លៃលើស្មារតីឬខ្លឹមសារនៃបទប្បញ្ញត្តិដែលមានផលប៉ះពាល់ដល់បន្ទុកចំណាយនិងការប្រកួតប្រជែងរបស់ធុរកិច្ច។
- ឆ្នាំ២០០៨: វិធីសាស្ត្រវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(វិធីសាស្ត្រRIA) ត្រូវបានអនុវត្តសាកល្បងនៅអតីតក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល ស្ថិតនៅក្រោមកម្មវិធីលើកកម្ពស់គុណភាពលិខិតបទដ្ឋានគតិយុត្ត ដែលគាំទ្រដោយជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
- ២០១១–២០១៥: គម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(គម្រោងRIA) (ជំនួយ ADB លេខ 0224) ត្រូវបានអនុវត្តដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ (ក្នុងនាមជាទីភ្នាក់ងារប្រតិបត្តិគម្រោង) ដែលមានការចូលរួមអនុវត្តពីក្រសួងចំនួន ៧ (ក្នុងនាមទីភ្នាក់ងារអនុវត្តគម្រោង)។
- នៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ១៣២ សសរ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដូច្នេះក្រសួងស្ថាប័នបានចូលរួមកាន់តែច្រើន ដែលមកដល់បច្ចុប្បន្ននេះមានក្រសួងចំនួន១៦ ព្រមទាំងស្ថាប័នចំនួន២៖ ក្រសួងរ៉ែនិងថាមពល ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងសុខាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។ កម្មវីធីRIAនេះបន្តដឹកនាំដោយក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្តក្រោមការដឹកនាំពី ឯកឧត្តមទេសរដ្ឋមន្ត្រី យឹម ណុលឡា ឯកឧត្តម យឹម ណុលសន និងការគ្រប់គ្រងដោយ ឯកឧត្តម ប៉ិច សុខា។ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្តជួយឧបត្ថម្ភជំនួយបច្ចេកទេស (TA) រហូតដល់ខែមិថុនា ឆ្នាំ២០១៩។
ការបង្កើតក្រុមការងារ
លទ្ធផលសម្រេចបាន
លទ្ធផលទី១ - កសាងធនធានមនុស្ស: ពីឆ្នាំ២០១១ដល់ ខែធ្នូ ឆ្នាំ២០១៨ បានបណ្តុះបណ្តាលមន្ត្រី ចំនួន ១២៩៨នាក់ (រួមដំណើរសិក្សាដកពិសោធន៍នៅប្រទេសអូស្ត្រាលី អង់គ្លេស វៀតណាម និងកាណាដា ផងដែរ)។
លទ្ធផលទី២ - របាយការណ៍RIA: ពីឆ្នាំ២០១១ដល់ខែធ្នូឆ្នាំ២០១៨ ក្រសួងស្ថាប័នបានបញ្ចប់របាយការណ៍វាយតម្លៃបឋមចំនួន៥៣ និងរបាយការណ៍វាយតម្លៃពេញលេញចំនួន៣ ហើយកំពុងរៀបចំរបាយការណ៍វាយតម្លៃបឋមចំនួន៩ទៀត។
លទ្ធផលទី៣ - ការផ្សព្វផ្សាយអំពីRIA: ពីឆ្នាំ២០១១ដល់ខែធ្នូឆ្នាំ២០១៨ បានធ្វើការផ្សព្វផ្សាយជាសាធារណៈដល់ក្រសួង ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានឧត្តមសិក្សា សង្គមស៊ីវិល ចំនួន២២១ដង និងមានអ្នកចូលរួមសរុបចំនួន ១១៩៨០នាក់។
ផែនទីបង្ហាញផ្លូវនៃការអនុវត្តកម្មវិធីវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ដំណាក់កាលទី១ (២០០៨-២០១៥) |
---|
- សាកល្បងអនុវត្តRIA ដំបូងជាមួយក្រសួងមួយ រួចជាមួយក្រសួងចំនួន៤ ហើយបន្តជាមួយក្រសួងចំនួន៧ ទៀត - បានបង្ហាញថាការអនុវត្តRIAមានអត្ថប្រយោជន៍ដល់ការរៀបចំលិខិតបទដ្ឋានគតិយុត្តឲ្យមានប្រសិទ្ធភាព - ផ្សព្វផ្សាយអំពីRIA |
ដំណាក់កាលទី២ (២០១៦-២០១៧) |
---|
- បន្តការបណ្តុះបណ្តាលមន្ត្រីក្នុងការអនុវត្តRIAនៅតាមក្រសួង ស្ថាប័នដែលចូលរួមក្នុងកម្មវីធីRIA (ចំនួន១៨) - បន្តផ្សព្វផ្សាយអំពីRIA - រៀបចំកែសម្រួលការអនុវត្តRIAទៅតាមលក្ខណប្បញ្ញត្តិប្រទេសកម្ពុជា - ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌បន្តគ្រប់គ្រងកម្មវីធីRIA |
ដំណាក់កាលទី៣ (២០១៨-២០១៩) |
---|
- អនុវត្តRIA ឲ្យបានទូលំទូលាយ នៅតាមក្រសួងចំនួន១៦ ដែលបានចូលរួម ក្នុងកម្មវីធីRIA - វាយតម្លៃអំពីវឌ្ឍនភាព និង កែសម្រួល ដើម្បីអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពទៅតាមបរិបទកម្ពុជា |