នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្តរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) នៃទីស្តីការគណៈរដ្ឋមន្រ្តី បានបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើ ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessment Methodology) ជូនដល់មន្រ្តីក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្តនៅ ECOSOCC និងមន្រ្តីក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដែលបច្ចុប្បន្នមានក្រសួង ស្ថាប័នចំនួន១៦ រួមមាន ក្រសួងពាណិជ្ជកម្ម, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, ក្រសួងរ៉ែនិងថាមពល, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល, ក្រសួងប្រៃយសនីយ៍ និងទូរគមនាគមន៍, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងយុត្តធម៌, ក្រសួងការពាជាតិ, និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានសិក្ខាកាមសរុបប្រមាណ ៧០នាក់ ដែលនឹងសិក្សាអស់រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៣ ដល់២៦ ខែមករា ឆ្នាំ២០១៧។
កម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះក្រោមអធិបតីភាពឯកឧត្តម យឹម ណុលសន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត ហើយវាគ្មិនរួមមាន ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការរងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត និងឯកឧត្តម អេង រត្នមុន្នី អគ្គលេខាធិការរងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានផ្នែកបណ្តុះបណ្តាលនៃក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត។
កម្មវិធីវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនេះ បានអនុវត្តសាកល្បងចាប់តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ ដែលECOSOCCជាអង្គភាពប្រតិបត្តិកម្មវីធី និងចូលរួមអនុវត្តកម្មវីធីដោយក្រសួងចំនួន១៣ ក្រោមហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយនៅឆ្នាំ២០១៧នេះ បន្ថែមក្រសួងស្ថាប័នមួយចំនួនទៀតទៅតាមលទ្ធភាពថវិកា។
ដោយការអនុវត្តទទួលបានលទ្ធផលល្អ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ១៣២ សសរ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត។
ECOSOCC