ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជម្រុញការវិនិយោគិនចិនមកវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា។ ក្រៅពីនោះកម្ពុជានឹងសន្យាបន្តការខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងដល់ការវិនិយោគ។
ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំវេទិការធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិន និងពិធីលាងសាយភោជន៍ ដែលបានធ្វើឡើងនាល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល នៅតែបន្តស្វាគមន៍ និងបន្តជម្រុញលើកទឹកចិត្តចំពោះរាល់គម្រោងវិនិយោគចិនបន្ថែមទៀតមកកាន់កម្ពុជា។ ក្រៅពីនោះកម្ពុជានឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការធ្វើឲ្យកាន់តែប្រសើរឡើង នូវកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជួន និងការបង្កើនការផ្គត់ផ្គង់អគ្គិសនី ដែលមានស្ថេរភាព និងមានតម្លៃទាប បណ្ដុះបណ្ដាលជំនាញសម្រាប់កម្មករ និងការបន្តលើកកម្ពស់បរិយាកាសវិនិយោគ និងការបន្តលើកកម្ពស់ធុរកិច្ចក្នុងគោលដៅបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់។ ទន្ទឹមនឹងនេះ សម្ដេចតេជោក៏បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ នៅបន្តធ្វើការឲ្យកាន់តែសកម្មថែមទៀត និងធ្វើការចែករំលែកព័ត៌មានពាណិជ្ជកម្ម វិនិយោគគ្រប់ជ្រុងជ្រោយជួនអ្នកវិនិយោគ ហើយត្រូវត្រៀមខ្លួនជាស្រេចផ្ដល់ការគាំទ្រ និងដោះស្រាយបញ្ហានានាក្នុងគោលដៅឲ្យអ្នកវិនិយោគកាន់តែមានទំនុកចិត្ត និងសប្បាយចិត្តក្នុងការវិនិយោគ។
សម្ដេចបានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំដែរថា ការជួបជុំនាពេលនេះ មិនមែនជាការជូបជុំលើកចុងក្រោយ តែសម្ដេចសូមគាំទ្រឲ្យមានការជួបជុំបែបនេះ នាថ្ងៃខាងមុខជាបន្តទៀត ហើយក្នុងនាមរាជរដ្ឋាភិបាល សម្ដេចបានសូមអញ្ជើញធុរកិច្ចចិន ដែលមានវត្តមាននាថ្ងៃនេះ និងអ្នកវិនិយោគគិនចិន ដែលមិនធ្លាប់មកកាន់ប្រទសកម្ពុជា សូមមកកាន់ប្រទេសនេះ ដើម្បីបំពេញទស្សនកិច្ចសិក្សាស៊ីជម្រៅ និងពិនិត្យលទ្ធភាពក្នុងការចាប់ដៃគូធុរកិច្ច និងវិនិយោគ នឹងឈានដល់ការសម្រេចចិត្តវិនិយោគនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះអង្គវេទិកាទាំងមូល ដែលបានខិតខំយ៉ាងសកម្ម និងបានផ្ដល់វិភាគទានបញ្ញាញាណ មតិយោបល់ និងអនុសាសន៍នានានៅក្នុងវេទិការ។
សូមបញ្ជាក់ថា វេទិកាធុរកិច្ចកម្ពុជា-ចិន ដែលមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមពាណិជ្ជករ និងអ្នកជំនួញនៅកម្ពុជា និងពាណិជ្ជករមកពីប្រទេសចិន នឹងជួបពិភាក្សាអំពីការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា នៅក្នុងវេទិកានេះព្រមទាំងមានការចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ និងគម្រោងវិនិយោគផ្សេងផងដែរ។ វេទិកាលើកដំបូងមួយនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន China Minsheng Investment Group «CMIG» ជាក្រុមហ៊ុនវិនិយោគអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសចិននិងក្រុមហ៊ុន LYP Group របស់លោកឧកញ្ញ៉ា លី យ៉ុងផាត់ បន្ទាប់ពីមានជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និង ប្រធានក្រុមហ៊ុន CMIG លោក តុង វិនពាវ នៅភ្នំពេញកាលពីខែកញ្ញាកន្លងមកនេះ ។ វេទិកាធុរកិច្ចកម្ពុជា-ចិននេះ ក្រោមពាក្យស្លោកថាកម្ពុជា៖ ព្រះរាជាណាចក្រនៃកាលានុវត្តភាពតាមបណ្ដោយ «ខ្សែក្រវ៉ាត់មួយ វិថីមួយ» ហើយរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិន និង សហគ្រាសឯកជនចិនប្ដេជ្ញាជម្រុញការកសាងកាលានុវត្តភាពសម្រាប់ការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា។ កិច្ចពិភាក្សានៅក្នុងវេទិកានេះបានផ្ដោតលើប្រធានបទ កិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មនិង ហិរញ្ញវត្ថុរវាងកម្ពុជា និងចិន។
ជាមួយគ្នានេះ ក្រុមហ៊ុន LYP Group របស់លោកឧកញ៉ា លី យ៉ុងផាត់ នឹងចាប់ដៃគ្នាជាមួយក្រុមហ៊ុនចិន China Minsheng Investment ដើម្បីសង់ទីក្រុងចិនមួយនៅជាយរាជធានីភ្នំពេញ ដែលមានតម្លៃ ១ពាន់៥រយលានដុល្លារនាដើមឆ្នាំ ២០១៧ខាងមុខ៕
ប្រភព៖ http://www.pressocm.gov.kh
OCM