ភាគខាងត្បូងនៃប្រទេសកម្ពុជា មានព្រំដែនជាប់ជាមួយនឹងឈូងសមុទ្រថៃ ដែល លាតសន្ធឹងប្រវែងជា៤៣៥គីឡូម៉ែត្រ។ មួយភាគបីដំបូងនៃតំបន់ឆ្នេរ គិតចេញពីព្រំដែនថៃមក មានលក្ខណៈទាប ជាដីភក់ល្បាប់ និងសម្បូណ៍ទៅដោយរុក្ខជាតិ កោងកាង និងមានភូមិនេសាទតូចៗជាច្រើននៅតំបន់នេះ។ មួយភាគបីបន្ទាប់នៃ តំបន់ឆ្នេរ សម្បូណ៌ទៅដោយថ្មខ្ពស់ទាប ច្រងេងច្រងាង មានច្រាំចោតឆ្លាស់ជាមួយនឹងឆ្នេរខ្សាច់។ នៅតំបន់នេះពោរពេញទៅដោយដើមស្នាយ (Casuarina equisetifolia) និងចំការដូង។ រីឯមួយភាគបីចុងក្រោយនៃតំបន់ឆ្នេរដែលជាប់ជាមួយនឹងឆ្នេររបស់ប្រទេសវៀតណាមមានលក្ខណៈទាបនិងជានិច្ចជាកាលជាកន្លែងភក់ល្បាប់ គឺជាតំបន់ដែលរុក្ខជាតិកោងកាង មានសភាពនៅក្មេងខ្ចីនៅឡើយ (Tan Kim Kuon, 1963)។