នៅថ្ងៃទី១៦ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការស្តីទីក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្តរបស់ECOSOCC) បានបន្តបើកវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញហ្សូម(ZOOM) លើធាតុទី៤នៃវិធីសាស្រ្តនៃការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត៖ ការវិភាគបន្ទុលចំណាយនិងផលចំណេញ (Cost Benefit Analysis-CBA)។
វិធីសាស្រ្តនៃការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessment _ RIA) សំដៅពង្រឹងភាពប្រកួតប្រជែងនិងប្រសិទ្ធផលនៃបញ្ញតិ្តកម្មតាមរយៈការដាក់ឲ្យអនុវត្តនូវគោលការណ៍ប្រតិបត្តិល្អក្នុងវិធីរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តនៅតាមក្រសួងស្ថាប័ន។ប្រព័ន្ធRIAជាការអនុវត្តតាមគោលការណ៍ប្រតិបត្តិល្អ និងវាយតម្លៃលើខ្លឹមសារនៃបទប្បញ្ញត្តិដែលមានផលប៉ះពាល់ដល់បន្ទុកចំណាយនិងការប្រកួតប្រជែងរបស់ធុរកិច្ច។
ចំពោះការវិភាគCBAនៃលិខិតទបដ្ឋានគតិយុត្ត គឺជាវិធីសាស្រ្តនៃការវាយតម្លៃដែលមានបំណងប៉ាន់ស្មាន និងប្រៀបធៀបបន្ទុកចំណាយនិងផលចំណេញសរុបរបស់សំណើគោលនយោបាយជាក់លាក់មួយ។ជាគោលការណ៍CBA វាស់វែងប្រសិទ្ធផល ឬ ឥទ្ធិពលនៃការបែងចែកធនធាននៃការផ្លាស់ប្តូរបញ្ញត្តិកម្ម។ CBA គណនាចេញតម្លៃជាទឹកប្រាក់នៃផលចំណេញ និងការបាត់បង់របស់អ្នករងផលប៉ះពាល់ទាំងអស់។ ប្រសិនបើចំនួនសរុបជាវិជ្ជមាន មានន័យថាផលចំណេញលើសបន្ទុកចំណាយ នោះសំណើបញ្ញត្តិកម្ម នឹងបង្កើនប្រសិទ្ធផលប្រសើរ។
CBAមានប្រយោជន៍ពីព្រោះ៖
• ផ្តល់ព័ត៌មានបែបគុណភាពនិងបរិមាណអំពីឥទ្ធិពលដែលអាចកើតមានឡើងរបស់លិខិតបទដ្ឋានគតិយុត្តមួយដល់អ្នកធ្វើសេចក្តីសម្រេច
• លើកទឹកចិត្តឲ្យអ្នកធ្វើសេចក្តីសម្រេចគិតពិចារណាពីឥទ្ធិពលវិជ្ជមាននិងអវិជ្ជមានទាំងអស់របស់សំណើបញ្ញត្តិកម្ម ហើយផ្ទុយទៅវិញមិនលើកទឹកចិត្តអ្នកធ្វើសេចក្តីសម្រេចមិនឲ្យសម្រេចដោយផ្អែកតែលើព័ត៌មានអំពីផលប៉ះពាល់ដល់មួយក្រុមនៅក្នុងសហគមន៍នោះឡើយ ។
• វាយតម្លៃពីផលប៉ះពាល់របស់សំណើបញ្ញត្តិកម្មតាមស្តង់ដា ដែលធ្វើឱ្យអ្នកធ្វើសេចក្តីសម្រេចមានទំនុកចិត្ត
• រៀបរាប់ពីឥទ្ធិពលទំនាក់ទំនងរវាងសំណើបញ្ញត្តិកម្មនិងវិស័យផ្សេងៗទៀតនៃសេដ្ឋកិច្ច(ឧទាហរណ៍ បង្កើនសុវត្ថិភាពម្ហូបអាហារ អាចកាត់បន្ថយបន្ទុកចំណាយលើការថែទាំសុខភាព)ជួយឲ្យអ្នកធ្វើសេចក្តីសម្រេចដោយធ្វើឲ្យមានផលចំណេញសុទ្ធច្រើនបំផុតដល់សង្គម
• ជួយរកដំណោះស្រាយដែលមានប្រសិទ្ធភាពចំណាយចំពោះបញ្ហា តាមរយៈការកំណត់និងការវាស់វែងបន្ទុកចំណាយទាំងអស់។
សូម្បីតែនៅពេលមានការលំបាកក្នុងការប៉ាន់ស្មានបន្ទុកចំណាយនិងផលចំណេញខ្លះ CBAធ្វើឲ្យច្បាស់នូវអ្វីដែលជាការសន្មត់និងការវិនិច្ឆ័យ។ ដោយមានបំណងកំណត់ជាបរិមាណនូវបន្ទុកចំណាយ និងផលចំណេញ ក៏លើកទឹកចិត្តឲ្យអ្នកវិភាគពិនិត្យពីផលប៉ះពាល់កាន់តែច្បាស់។
ECOSOCC