នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ និងទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tony Tan Keng Yam ប្រធានាធិបតីសឹង្ហបុរី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ នៅក្នុងជំនូបនេៈឯកឧត្តម Tony Tan Keng Yam ប្រធានាធិបតីសឹង្ហបុរីបានគោរពជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ឯកឧត្តមសូមអបអរសាទរចំពោះអ្វីដែលជាការរីកចម្រើនរបស់ប្រទេសកម្ពុជា។
ឯកឧត្តម Tony Tan Keng Yam ប្រធានាធិបតីសឹង្ហបុរី បានបន្តថា ឯកឧត្តមចាប់អារម្មណ៍ពីការរីកចម្រើនលើវិស័យសេដ្ឋកិច្ច វិស័យសំណង់នៅកម្ពុជា។
នៅក្នុងជំនួបរសៀលនេះ ប្រមុខដឹកនាំនៃប្រទេសទាំង២ បានពិភាក្សាគ្នាក្នុងបរិយាកាសរីករាយនិងស្និទ្ឋស្នាលបំផុត ដើម្បីពង្រឹងកិច្ចសហប្រត្តិបត្តិការ និងជម្រុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំធំឡើង ។
ក្រោយបញ្ចប់ជំនួបថ្នាក់កំពូលនេះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសិង្ហបុរីពិចារណារ លើការទិញអង្ករ ពីប្រទេសកម្ពុជាយើង ជាពិសេសអង្ករដែលមានគុណភាពល្អ ជាពិសេសអង្ករសេរីរាង្គ ដែលកម្ពុជាកំពុងជម្រុញធ្វើការដាំដុះសម្រាប់ការនាំចេញនេះ»។
នៅក្នុងជំនូបនេៈប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម តូនី តាន់ កេងយាំ បានយល់ព្រមតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការស្នើឱ្យប្រទេសសិង្ហបុរីបង្កើនការទិញអង្ករក្រអូបពីប្រទេសកម្ពុជា នេះបើតាមការអះអាងរបស់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន។
ជាមួយនឹងការជម្រុញឱ្យសិង្ហបុរីទិញអង្ករពីប្រទេសកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យ ឯកឧត្តម តូនី តាន់ កេងយាំ ជម្រុញដល់អ្នកវិនិយោគរបស់ខ្លួន ឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ សម្តេចបានថ្លែងថា រហូតដល់ពេលនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានប្រមាណតែ៥០០លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយទំហំនេះនៅមិនទាន់ឆ្លើយតបសក្តានុពលរបស់ប្រទេសកម្ពុជានៅឡើយទេ។
បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្រ្តី និង លោកប្រធានធិបតីសឹង្ហបុរី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើឯកសារ MOU មួយចំនួន ដូចជា៖
១).អនុស្សារណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេសសឹង្ហបុរី ក្នុងនោះគឺរាជរដ្ឋាភិបាលកម្ពុជានឹងបញ្ជូនគ្រូបង្គោលចំនួន ៨០នាក់ទៅបណ្តុះបណ្តាជំនាញសំខាន់ៗចំនួន ៣មុខនៅសឹង្ហបុរីគឺ ១).ជំនាញទំនាក់ទំនងព័ត៌មានវិទ្យាចំនួន ៣២នាក់, ២).ជំនាញបច្ចេកវិទ្យាគ្រឿងយន្តចំនួន ៣២នាក់, ៣).ជំនាញអេឡិចត្រូនិកចំនួន ១៦នាក់។ វិទ្យាស្ថានអប់រំបច្ចេកទេស (ITE) សឹង្ហបុរី គឺជាវិទ្យាស្ថានដ៏ល្បីឈ្មោះមួយទាំងនៅក្នុងកម្រិតតំបន់ និងសកលលោក។
ចំពោះអនុស្សារណៈទី២គឺ រវាងមន្ទីរពេទ្យកាល់ម៉ែត្រកម្ពុជា ជាមួយនឹងមន្ទីរពេទ្យ Tan Tock Seng ប្រទេសសឹង្ហបុរីដើម្បីពង្រឹងវិស័យសុខាភិបាលឲ្យកាន់តែមានប្រសិទ្ឋភាពខ្ពស់ឡើង។
សូមជម្រាបថា នៅរាត្រីថ្ងៃទី០៩នេៈ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីលៀងសាយភោជន៍ ជាមួយ លោកប្រធានាធិបតីសឹង្ហបុរី និងលោកជំទាវនៅព្រះបរមរាជវាំងផងដែរ៕
http://www.pressocm.gov.kh