នៅរសៀលថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម យឹម ណុលសន អនុប្រធានប្រចាំការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត(ក្រុមRIA ក.ស.វ.) បានដឹកនាំប្រជុំពិភាក្សាជាមួយក្រុមRIAរបស់ក្រសួងការពារជាតិដែលដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ម សុផាត នាយក នាយកដ្ឋាននីតិកម្មនិងជាប្រធានក្រុមRIAក្រសួងការពារជាតិ ដើម្បីពិនិត្យផ្តល់យោបល់លើរបាយការណ៍វាយតម្លៃបឋមលើផលប៉ះពាល់នៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលមាត្រា១០ និងមាត្រា១១ នៃអនុក្រឹត្យលេខ២២២ អនក្រ.បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការរៀបចំយន្តការគ្រប់គ្រង កម្រិតថ្នាក់ និងកំណត់ប្រាក់កម្រៃម៉ោងបង្រៀនសម្រាប់យោធាចារ្យ។ សមាសភាពចូលរួមមានក្រុមទី១វិស័យរដ្ឋបាលរបស់ក.ស.វ. ក្រុមRIAក.ស.វ. និងក្រុមRIAនៃក្រសួងការពាជាតិ។
ក្រុមRIAរបស់ក្រសួងការពារជាតិ បានចូលរួមអនុវត្តកម្មវិធីវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (កម្មវិធីRIA) ចាប់តាំងពីខែតុលា ឆ្នាំ២០១៦ ហើយបន្ទាប់ពីបានទទួលការបណ្តុះបណ្តាលវិធីសាស្រ្តRIAរួច ក្រសួងការពារជាតិបានយកអនុក្រឹត្យលេខ២២២ អនក្រ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការរៀបចំយន្តការគ្រប់គ្រងកម្រិតថ្នាក់ និងកំណត់ប្រាក់កម្រៃម៉ោងបង្រៀនសម្រាប់យោធាចារ្យ មកសិក្សាវាយតម្លៃតាមវិធីសាស្រ្តRIA។ ជាលទ្ធផលនៃការសិក្សានេះ ក្រសួងការពារជាតិ បានស្នើសុំកែសម្រួលមាត្រា១០ និងមាត្រា១១ នៃអនុក្រឹត្យលេខ២២២ នេះ ដើម្បីកែសម្រួលប្រាក់កម្រៃម៉ោងបង្រៀនរបស់សាស្រា្តចារ្យ យោធាចារ្យ ឲ្យសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
ក្នុងកំឡុងពេលរៀបចំរបាយការណ៍វាយតម្លៃ ក្រុមRIAក្រសួងការពារជាតិ បានមកប្រជុំពិភាក្សាជាមួយក្រុមRIAរបស់ក.ស.វ.ចំនួន៨លើក និងជាពិសេសបានចុះទៅពិគ្រោះយោបល់ដោយផ្ទាល់ជាមួយសាលាចំនួន៥ មានសាលានាយទាហានសកម្ម សាកលវិទ្យាល័យការពារជាតិ វិទ្យាស្ថានទ័ពជើងគោក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក វិទ្យាស្ថានបច្ចេកទេស តេជោ ហ៊ុន សែន នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដើម្បីប្រមូលទិន្នន័យសម្រាប់ធ្វើការគណនាបន្ទុកចំណាយ។
ក្រុមRIA ក.ស.វ. ពិនិត្យឃើញថារបាយការណ៍វាយតម្លៃនេះរៀបចំបានល្អតាមវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខតបទដ្ឋានគតិយុត្ត ដោយមានការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ និងការគណនានូវបន្ទុកចំណាយកាតព្វកិច្ច ដែលងាយស្រួលក្នុងការពិនិត្យនិងសម្រេចពីថ្នាក់ដឹកនាំ។
ECOSOCC