នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសឱ្យអ្នកនាង ភឿន ផាវី អាយុ៣០ឆ្នាំ និងម្តាយ រួមទាំងកូនតូច បានចូលជួបសំដែងការគួរសម និងលើកទឹកចិត្តចំពោះអ្នកនាងដែលចេះចារសាស្ត្រាស្លឹករឹត ដែលស្ទើតែបាត់បង់អស់ទៅហើយនោះ។
សម្តេចតេជោ រីករាយសាទរ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ អ្នកនាង ភឿន ផាវី ក្នុងការចារផលិតសាស្ត្រាស្លឹករឹតឡើងវិញនៅក្នុងខេត្តសៀមរាបនេះ។ សម្តេចតេជោ បានគាំទ្រ និងលើកទឹកចិត្តដល់គាត់ក្នុងការផលិតសាស្រ្តាស្លឹករឹតឡើងវិញ និងបង្កើនការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យចេះដឹងបានច្រើនដើម្បីរក្សាតម្លៃមរតកវប្បធម៍ខ្មែរ។ ការផលិតសាស្ត្រាស្លឹករឹតថ្មីនេះ គឺជាការគិតគូរមួយ ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយអោយបានស្កាល់ថាជាស្នាដៃរបស់ខ្មែរ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានណែនាំឱ្យអ្នកនាង ភឿន ផាវី ប្រឹងប្រែងដុសខាត់សមត្ថភាពឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីធ្វើឱ្យការផលិតស្លឹករឹតនេះកាន់តែមានគុណភាពល្អ។ សម្តេចតេជោ បានណែនាំឱ្យអ្នកផលិតស្លឹករឹតវ័យក្មេងរូបនេះប្រមូលផ្តុំអ្នកដែលធ្លាប់មានបទពិសោធន៍ ឬសមត្ថភាពធ្វើសាស្ត្រាស្លឹករឹត ដើម្បីចូលរួមជាមួយគ្នាធ្វើឱ្យសង្វាក់នៃការផលិតសាស្ត្រាស្លឹករឹតបានឆាប់លឿននិងកាន់តែច្រើន។ ដើម្បីគាំទ្រ លើកទឹកចិត្តដល់អ្នកផលិតស្រ្តាស្លឹករឹត និងថែរក្សានូវកេរ្តិ៍មរតកដូនតាយើងអោយបានគង់វង្ស សម្តេចតេជោ ហ៊ុន សែន បានធានាទិញសាស្ត្រាស្លឹករឹតដែលផលិតបានទាំងអស់ក្នុងតម្លៃទ្វេជាពីរ។
តាមធម្មតាសាស្ត្រាស្លឹករឹតមួយច្បាប់លក់ក្នុងតម្លៃ ១២,០០០រៀល ប៉ុន្តែ សម្តេចតេជោ ទទួលទិញក្នុងតម្លៃ ២៥,០០០រៀល។ តាមរយៈការធានាទទួលទិញរបស់ សម្តេចតេជោ គឺនឹងធ្វើឱ្យគ្រួសាររបស់អ្នកនាង ផាវី មានការងារធ្វើកាន់ តែច្រើនឡើង ព្រមទាំងទទួលបាននូវប្រាក់ចំណូលសមរម្យដែលនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់គ្រួសារអ្នកនាងអោយកាន់តែប្រសើរឡើង៕
PressOCM