ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិ ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍន៍កុមារតូច ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។
សន្និសីទនេះរៀបចំឡើងនៅសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀមរាប មានរយៈពេល៣ថ្ងៃពោលចាប់ពីថ្ងៃទី០១ ដល់០៣ ខែមីនា ដោយមានប្រតិភូអន្តរជាតិ ជាន់ខ្ពស់មកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៣០០នាក់ និងប្រតិភូជាតិមកពីក្រសួងស្ថាប័នបាក់ព័ន្ធការអប់រំ និងកុមារប្រមាណ ២០០បន្ថែមទៀត។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
- សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ការគាំពារលើកុមារតូចមិនមែនទើបនិងធ្វើនាពេលបច្ចុប្បន្ននោះឡើយ ពោលកម្ពុជាបានធ្វើឡើងតាំងពីក្រោយ ថ្ងៃរំដោះប្រទេស ៧ មករា ឆ្នាំ១៩៧៩មកម្ល៉េះ។
- សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រាជរដ្ឋាភិបាល ក៏បានជំរុញការផ្សព្វផ្សាយក្នុងចិញ្ចឹមបីបាច់កុមារតាមរយៈការជំរុញបំប៉ៅដោយទឹកដោះម្តាយ ឲ្យដល់៥៩ ខែ ហើយក៏បានប្រឹងប្រែងជំរុញទប់ស្កាត់ជំងឺតម្កាត់ផ្សេងៗជាច្រើនផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានហៅសន្និសីទអន្តរជាតិ ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការឆ្លុះបង្ហាញឲ្យឃើញបន្ថែមទៀត នូវការប្តេជ្ញាចិត្ត និងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកុមារតូចៗ។
- សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើកុមារតូច ដើម្បីឲ្យពួកគេក្លាយទៅជាយុវជនពោរពេញ ដោយចំណេះដឹង ក្លាយជាធនធានបន្តវេនសម្រាប់អភិវឌ្ឍន៍សង្គមជាតិឲ្យរីកចម្រើនខ្លាំងថែមទៀត !
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុមារតូចក្នុងបន្ទុកគ្រួសារ មានន័យថា ឪពុកម្តាយជាគ្រូ ផ្ទះជាសាលា ធម្មជាតិជុំវិញផ្ទះជាកន្លែងលេង ដូច្នេះការអប់រំមិនអាចកាត់ផ្តាច់ពីអាណាព្យាបាលបានឡើយ ប៉ុន្តែបច្ចុប្បន្នសង្គមបាននិងកំពុងធ្វើឲ្យគម្លាតរវាងកុមារតូច និងអាណាព្យាបាល កាន់តែឃ្លាតឆ្ងាយ ដែលត្រូវតែរកវិធីដើម្បីដោះស្រាយបញ្ហានេះ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងភរិយា ព្រមទាំងក្រុមគ្រួសារ តែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារកម្ពុជា។ សម្តេចបាន អំពាវនាវដល់អាជ្ញាធរទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រកបដោយមនសិការទៅលើកុមារតូច ក្នុងគោលបំណងសម្រេចឲ្យបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។
- សម្តេចតេជោ ហ៊ុន សែន ថា ប្រទេសដែលនាំកងទ័ពទៅឈ្លានបរទេសច្រើនជាងគេ គឺជាអ្នករំលោភបំពានកុមារតូចច្រើនជាងគេ។ ប្រទេសដែលឈ្លានពាននោះ មិនត្រឹមធ្វើបាបកុមារ ដែលពួកគេឈ្លានពាននោះទេ តែក៏បានធ្វើបាបកុមារក្នុងប្រទេសរបស់គេផងដែរ តាមរយៈការធ្វើឲ្យពួកគេឃ្លាតឆ្ងាយពីឪពុក។
- សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើមានវេទិកាអន្តរជាតិកាន់តែច្រើន មិនគួរក្លាចការបំប៉ោងសំឡេង និងមិនគួរក្លាចអាមេរិកនោះទេ ព្រោះបានធ្វើឲ្យ កុមារស្លាប់ស្ទើររៀងរាល់ថ្ងៃនៅបណ្តាប្រទេសនៅមជ្ឈិមបូព៌ា។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងធ្ងន់ៗថា នៅកម្ពុជាគ្រាប់បែកអាមេរិកាំង នៅបន្តធ្វើឲ្យកុមារកម្ពុជាច្រើនណាស់ស្លាប់បាត់បង់ជីវិត។ សម្តេចថ្លែងថា ដល់ពេលត្រូវហ៊ាននិយាយចំពោះការឈ្លានពានរបស់អាមេរិក។
- សម្តេចនាយករដ្ឋមន្រ្តី បានបន្តថ្លែងថា ប្រទេសដែលនាំកងទ័ពទៅឈ្លានពានប្រទេសគេច្រើនជាងគេ គឺជាអ្នកធ្វើបាបកុមារច្រើនជាងគេ។ សម្តេចតេជោ ហ៊ុន សែន បានរិះគន់ចំៗចំពោះអាមេរិកថា តែងតែនិយាយពីការគោរពសិទ្ធិរបស់កុមារ តែមិនបានដល់ការធ្វើបាបកុមារ ដែលកើតចេញពីការឈ្លានពានរបស់ខ្លួន។
- សម្តេចតេជោ ថ្លែងបន្តថា សម្តេចធុញទ្រាន់ចំពោះអាមេរិក ដែលបានមកឈ្លានពាន និងបង្កបញ្ហាឲ្យកុមារកម្ពុជាហើយ បែរជាមកផ្តល់ការទូន្មានកម្ពុជាថា ធ្វើអ៊ីចេះ អ៊ីចុះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសចូលរួមសន្និសីទអន្តរជាតិថ្នាក់តំបន់ អាស៊ីប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ន សុទ្ធតែធ្លាប់ស្ថិតក្រោម អាណានិគមដូចជា អាមេរិក បារាំង អង់គ្លេស និងអេស្ប៉ាញ...។
- សម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់ខ្លាំងៗទៅដល់អាមេរិកថា បានយកគ្រាប់បែកមកទម្លាក់លើក្បាលខ្មែរហើយ បែរជាត្រូវមកទារបំណុល ពីកម្ពុជាថែមទៀត (វ៉ៃទារលុយ)។
- សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ក្រៅពីទារបំណុលពីកម្ពុជាហើយ អាមេរិកបានណែនាំឲ្យ IMF មិនបញ្ចេញលុយជួយកម្ពុជា។ សម្តេចថា បើអត់លុយ IMF ក៏កម្ពុជាមិនស្លាប់នោះឡើយ។ សម្តេចអំពាវនាវឲ្យកូនខ្មែរទាំងអស់ក្រោកឡើងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែខ្លាំងក្លា ដើម្បីចៀសវាងការមើលងាយពីប្រទេសដទៃ។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៣៣នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕
ECOSOCC