នៅម៉ោងប្រមាណ៩.៥០ យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលមកដល់មាតុប្រទេសវិញដោយសុវត្ថិភាពហើយ បន្ទាប់បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសក្រៅផ្លូវជាមួយមេដឹកនាំអាស៊ាន និងជំនួបទ្វេភាគីមួយចំនួនទៀតជាមួយបណ្ដាមេដឹកអាស៊ាន។
កិច្ចប្រជុំពិសេសក្រៅផ្លូវជាមួយមេដឹកនាំអាស៊ាន គឺបានផ្ដល់នូវលទ្ធផលជាផ្លែផ្កា គួរជាទីកត់សម្គាល់សម្រាប់ប្រទេសជាសមាជិក ក្នុងការពង្រឹងនូវសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពនៃតំបន់ដែលជាមុខមាត់នៃអាស៊ានទាំងមូល។ នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានបាននាំគ្នាពិភាក្សាផ្ដោតទៅលើការជំរុញការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្ដួចផ្ដើមនានា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ និងកិច្ចប្រឹងប្រែងដើម្បីស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូរក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ដែលជាផលប្រយោជន៍ និងការបារម្ភរួម។
បន្ទាប់ពីអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញភ្លាម សម្ដេចតេជោ និងគណៈប្រតិភូ បានផ្ដល់សំណាកដើម្បីពិនិត្យកូវីដ-១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួចនឹងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីធានាសុវត្ថិភាពសុខភាព។
សូមបងប្អូនបន្តរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ១៩ អោយបានខ្ជាប់ខ្ជួនបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល៕
SPM