ក្នុងឱកាសស្នាក់នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅក្នុងសហរដ្ឋអាមេរិក និងបងប្អូនខ្មែរមកពីប្រទេសកាណាដា។
ក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញនូវក្តីរីករាយចំពោះវត្តមានបងប្អូនពលរដ្ឋខ្មែរ អាមេរិក និងកាណាដាទាំងអស់ដែលបានអញ្ជើញចូលរួមនាពេលនេះ ហើយនេះគឺជាការគាំទ្រចំពោះដំណើរមកកាន់ទឹកដីសហរដ្ឋមេរិករបស់សម្តេចនាពេលនេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សំដែងនូវការអបអរសាទរ និងមោទនភាពចំពោះប្រទេសកម្ពុជាដែលទទួលបាននូវសុខសន្តិភាពពេញលេញ និងអរគុណដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបានចូលរួមថែរក្សាសន្តិភាពតាមរយៈការបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា និងអរគុណដល់បងប្អូនប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក និងកាណាដាដែលតែងតែចូលរួមគាំទ្រចំពោះការដឹកនាំរបស់សម្ដេចកន្លងមក។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាកន្លងមកក្រុមប្រឆាំងតែងតែកេងចំណេញខាងនយោបាយ តាមរយៈការវាយប្រហារ លើរាជរដ្ឋាភិបាល ពាក់ព័ន្ធតម្លៃកសិផល ដោយពេលទៅជួបអាជីវករ សន្យាបញ្ចុះតម្លៃកសិផល តែពេលជួបកសិករ សន្យាដំឡើងថ្លៃកសិផលទៅវិញ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្រុមប្រឆាំងតែងតែដើរបោកប្រាស់ យកលុយរបស់ប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស តាមរយៈការសន្យាផ្ដល់តំណែង ពេលឈ្នះឆ្នោត ប៉ុន្តែនេះជាការភូតភរកុហកសុទ្ធសាត។
សម្តេចតេជោបន្តថា ស្របពេលដាក់ចេញ នូវគោលនយោបាយ ប្រមូលពន្ធឲ្យបានកាន់តែច្រើននោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបញ្ជាក់ជាថ្មីម្ដងទៀតថា ដរាបណាសម្ដេចនៅបន្តកាន់តំណែង ជានាយករដ្ឋមន្រ្តី នឹងមិនយកពន្ធលើដីធ្លី និងស្រែចម្ការ ដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផលជាដាច់ខាត។ សម្ដេចតេជោក៏បានមានប្រសាសន៍អំពីគោលនយោបាយថ្មីៗដែលសម្តេចបានលើកឡើងជាពិសេសសម្តេចបានអនុវត្តមុនគេគឺគោលនយោបាយគាំពារសង្គម ដែលថ្មីៗនេះបានចាប់ផ្ដើមអនុវត្តចំពោះស្ត្រីមានផ្ទៃពោះ គឺស្ត្រីកម្មការិនីមានផ្ទៃពោះពេលសម្រាលកូនត្រូវទទួលបានថវិកាពីរដ្ឋចំនួន ៤០ ម៉ឺនរៀលហើយក្នុងនោះក៏បានអនុវត្តចំពោះស្ត្រីដែលជាមន្ត្រីរាជការផងដែរ លើសពីនេះសម្ដេចក៏បានជំរុញឲ្យក្រសួងសុខាភិបាលធ្វើការតាមដានពិនិត្យមើលឲ្យបានដិតដល់ចំពោះការអនុវត្តគោលនយោបាយគាំពារសង្គមនេះធ្វើយ៉ាងណាឲ្យការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល។ ទាក់ទងនឹងស្ថានភាពទឹកជំនន់នៅកម្ពុជា សម្តេចបានមានប្រសាសន៍ថា ក្រោយទទួលបានការ ព្យាករណ៍កម្ពស់ទឹកទន្លេ ពីក្រសួងធនធានទឹក និងឧតុនិយម សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពស់ទឹកទន្លេឆ្នាំនេះ អាចមានកម្ពស់ជាង៦ម៉ែត្រ ដែលកម្រិតនេះសមល្មម សម្រាប់រៀបចំពិធីបុណ្យអុំទូក ដែលគ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី ២១-២២-២៣ ខែវិច្ឆិកា ខាងមុខ។
ឆ្លើយតបចំពោះការលើកឡើងថា កម្ពុជាបាត់បង់ព្រៃឈើ ជាបន្តបន្ទាប់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលស្គាល់ថា ពិតជាមានចោរលួចកាប់ព្រៃឈើ តែដីព្រៃឈើ ដែលបាត់បង់នោះ ត្រូវបានជំនួសមកវិញ ដោយចម្ការកៅស៊ូ និងដំណាំផ្សេងៗទៀត។ សម្ដេចតេជោក៏បានបញ្ជាក់ថាផងដែរថា សម្ដេចស្អប់ខ្លាំងណាស់ ចំពោះក្រុមចោរលួចកាប់ព្រៃឈើ ហើយសម្ដេចក៏បានបញ្ជាឲ្យមាន ការតាមដាន និងព្រមានចាប់ក្រុមចោរទាំងនោះផងដែរ។ មុននឹងបញ្ចប់នៃពិធីសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរអាមេរិកាំង ក៏ដូចជាខ្មែរកាណាដាទាំងអស់សូមជួបតែសេចក្តីសុខ ចំរើន រកទទួលទានមានបាន និងជួបប្រទៈតែពុទ្ធពរប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕
Press OCM