នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ១៨ខែកន្លងទៅនេះ កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ ដែលយើងបានឆ្កងកាត់នូវព្រឹត្តិការណ៍មួយចំនួនដែលអាច គ្រប់គ្រងបានជាបន្តបន្ទាប់។ ពេលនេះយើងត្រូវអនុវត្តបន្តទៀត ព្រោះអាចនឹងមានការឆ្លងរលកទី៣ បើមិនមានចំណាត់ការទាន់ពេលវេលាទេ ពីព្រោះ ពេលនេះមានការរាតត្បាតថ្មីបង្កដោយមេរោគបំប្លែងខ្លួន «ដែលតា» ហើយមិនមែនតែករណីកម្ពុជានោះទេ គឺជាករណីព្រួយបារម្ភលើពិភពលោក ។
សម្ដេចតេជោបានបង្ហាញពីការដាក់ចេញវិធានការមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ក្នុងនោះ ប្រជាពលរដ្ឋជាង ៤០ម៉ឺនគ្រួសារ ត្រូវបានរាជរដ្ឋាភិបាលផ្គត់ផ្គង់ស្បៀងអាហារ អំឡុងពេលរាជរដ្ឋាភិបាលអនុវត្តវិធានការបិទខ្ទប់។ រាជរដ្ឋាភិបាលចំណាយមួយខែជាង ៤០លានដុល្លារ សម្រាប់ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ បូកនឹងកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍។ យើងត្រូវជំរុញយកចិត្តទុកដាក់គ្រប់គ្រងលើការធ្វើដំណើរឆ្លងព្រំដែនកម្ពុជា-ថៃ ហើយតម្រូវឱ្យធ្វើចត្តាឡីស័កនៅព្រំដែនទាំងអស់។ សម្តេចតេជោ បានថ្លែងថា មិនអាចនិយាយថាកម្ពុជា ចម្លងទៅថៃ ថៃចម្លងមកកម្ពុជា កម្ពុជាចម្លងទៅវៀតណាម វៀតណាមចម្លងមកកម្ពុជា ឬកម្ពុជាចម្លងទៅឡាវ ឬឡាវចម្លងមកកម្ពុជាបាននោះឡើយ។ ពេលនេះមិនមែនជាពេលទម្លាក់កំហុសដាក់គ្នានោះឡើយ គឺជាពេលពង្រឹងកិច្ចសហប្រតិបត្តិការគ្នាប្រយុទ្ធប្រឆាំងជំងឺ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ បាន ណែនាំឱ្យបញ្ចេញតេស្តរហ័ស ក៏ដូចជាបរិក្ខាផ្សេងៗទៀត ឱ្យបានទាន់ពេលវេលាទៅតាមខេត្ត ហើយក្រសួងសុខាភិបាលត្រូវធ្វើការកែតម្រូវលើការងារមួយចំនួន មិនត្រូវបន្តការអភិរក្សនិយមទៀតនោះទេ។ យើងត្រូវផ្គត់ផ្គង់ឱ្យគ្រប់គ្រាន់សម្រាប់ការធ្វើចត្តាឡីស័ក ត្រូវពិនិត្យការសាងសង់បរិក្ខារផ្សេងៗនៅតាមមណ្ឌលធ្វើចត្តាឡីស័ក។ សម្តេចតេជោ បានប្រកាសដាក់ចេញយុទ្ធសាស្ត្របន្តទប់ស្កាត់ការនាំចូលនូវកូវីដបំប្លែងថ្មី (ដែលតា) កើតចេញពីឥណ្ឌា ដែលជាមេរោគគ្រោះថ្នាក់បំផុត។ ការទប់ស្កាត់នេះត្រូវអនុវត្តវិធានការ៥ រួមមាន៖ ពង្រឹងការគ្រប់គ្រងច្រកចេញចូលទាំងព្រំដែនគោក ទឹក និងផ្លូវអាកាស, ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័សនៅតាមព្រំដែន, ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ពង្រឹង និងផ្គត់ផ្គង់មណ្ឌលចត្តាឡីស័ក ឱ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តជាប់ព្រំដែនថៃ, ដាក់ព្យាបាលដាច់ដោយឡែកសម្រាប់អ្នកវិជ្ជមានមេរោគបំប្លែងថ្មី (ដែលតា) ហើយចត្តាឡីស័កត្រូវធ្វើដល់២១ថ្ងៃ និងពលករនៅប្រទេសថៃ មិនត្រូវបារម្ភទេ កម្ពុជា បានសហការជាមួយថៃរួចហើយ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញយុទ្ធសាស្ត្រខិតខំរកវិធីព្យាបាលអ្នកជំងឺ ហើយកាត់បន្ថយអ្នកស្លាប់ រហូតឈានទៅដល់គ្មានអ្នកស្លាប់។ ដោយអនុវត្តនូវវិធានការចំនួន៥ រួមមាន៖ ១-ស្វះស្វែងរកប្រភពថ្នាំដែលមានប្រសិទ្ធភាព ,២-តាមពិនិត្យមើលការផ្តល់ថ្នាំ ដែលមានការផ្តល់ខុសគ្នានៅតាមទីតាំងព្យាបាល ,៣- រៀបចំមន្ទីរពេទ្យបន្ថែមនៅតាមស្រុក និងបំពាក់សម្ភារៈឱ្យបានគ្រប់គ្រាន់នៅតាមពេទ្យខេត្ត និងស្រុក ជាពិសេសម៉ាស៊ីន ICU, ៤-ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម ដើម្បីចូលបម្រើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ៥-ត្រូវបញ្ជាទិញសម្ភារៈឱ្យបានឆាប់ និងការដាក់ឱ្យព្យាបាលនៅតាមផ្ទះ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកឱកាសឱ្យក្រុមហ៊ុនឯកជន អាចប្រើឧបករណ៍តេស្តរហ័ស ដើម្បីតេស្តសុខភាពបុគ្គលិក។ ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ ត្រូវគ្រប់គ្រងបុគ្គលិករបស់ខ្លួន ហើយបើចាំបាច់ត្រូវតេស្តបុគ្គលិករបស់ខ្លួនដោយខ្លួនឯង តាមឧបករណ៍តេស្តរហ័ស។ ហើយក្រុមគ្រូពេទ្យបង្ហាត់បង្រៀនពីការធ្វើតេស្តរហ័ស ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើតេស្តដោយខ្លួនឯង។ សម្តេចតេជោក៏បានប្រកាសដាក់ចេញយុទ្ធសាស្ត្ររុករក និងគ្រប់គ្រងដែរ ដែលយុទ្ធសាស្ត្រនេះ មានវិធានការរួមមាន៖ រៀបចំតំបន់យកសំណាក និងការយកសំណាកទៅពិនិត្យ, ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងខិតខំរកមេរោគបំប្លែងភេទថ្មី, ពង្រីកការធ្វើតេស្តរហ័ស, រៀបចំការធ្វើការចត្តាឡីស័កឱ្យបានត្រឹម រកឃើញហើយត្រូវទុកអ្នកជំងឺកន្លែងណា ព្យាបាលកន្លែងណា ឬឱ្យនៅព្យាបាលតាមផ្ទះ និងតាមដានដោយបច្ចេកវិទ្យាព័ត៌មាន។
នៅថ្ងៃនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យមានការរៀបចំទិញមឈួសសម្រាប់ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះ ឱ្យបានត្រឹមត្រូវផងដែរ។ សម្តេចបានអោយឧត្តមសេនីយ៍ សៅ សុខា យកឈើរឹបអូសបានរៀបចំធ្វើក្តាមឈូស ហើយចំពោះមុខនេះ ក្រសួងសេដ្ឋកិច្ចបញ្ចេញថវិកាទិញក្តាមឈូសទុកសម្រាប់ប្រើប្រាស់ ពីព្រោះសម្តេចគិតថា ការរៀបចំឱ្យសពមានមឈូសបានត្រឹមត្រូវ គឺជាការគោរពដល់សព។ ជាមួយគ្នានោះផងដែរ សម្តេចតេជោ ក៏បានណែនាំឱ្យមានការរៀបចំទិញកោដ្ឋិសម្រាប់ដាក់ធាតុជូនដល់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះ ឱ្យបានត្រឹមត្រូវផងដែរ។ សម្តេចតេជោក៏បាន ប្រកាសដាក់ចេញយុទ្ធសាស្ត្ររៀបចំកប់ ឬបូជាសពអ្នកជំងឺកូវីដ១៩ ឱ្យបានល្អ តាមវិធានការ៤យ៉ាង៖ រៀបចំបច្ឆានៅកន្លែងមិនទាន់មានបច្ឆា, ប្រើបច្ឆាតាមវត្ត តែត្រូវធានាសុវត្ថិភាព ដោយធ្វើការជាមួយព្រះចៅអធិការវត្ត, រៀបចំដីសម្រាប់កប់សពតាមប្រពៃណីរបស់ជនជាតិភាគតិច និងខ្មែរ-ឥស្លាម និង រៀបចំផលិតក្តាមឈូសឱ្យបានត្រឹមត្រូវសម្រាប់យកទៅបូជា ឬកប់។
សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្រទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានយ៉ាងហោចណាស់ចាក់ជូនប្រជាពលរដ្ឋឱ្យបាន១០លាននាក់ នៅជំហានដំបូង និងឈាងទៅដល់ក្មេងអាយុក្រោម ១៨ឆ្នាំផងដែរនាពេលខាងមុខ។ ទាក់ទងរឿងវ៉ាក់សាំងសម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងខែកក្កដា នេះ កម្ពុជាទទួលបានវ៉ាក់សាំងពីចិន ចំនួន ៥លានដូស ក្នុងនោះថ្ងៃទី៦ ខែកក្កដា ទទួលបានស៊ីណូហ្វាម ១លានដូស, ថ្ងៃទី១០ ខែកក្កដា ទទួលបានស៊ីណូហ្វាម ១លានដូស និងស៊ីណូវ៉ាក់ ៣លានដូស។ ពេលវ៉ាក់សាំងមកដល់ ត្រូវបែងចែកទៅតាមខេត្ត ហើយប្រមូលផ្តុំកម្លាំងសម្រុកចាក់តែម្តង៕
SPM