ជាមួយការបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរយៈពេល៣ថ្ងៃ ដែលប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានទទួលញញួរដើម្បីធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាឆ្នាំ២០២២ផងដែរ។
នេះជាកិច្ចការទទួលធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នៅក្នុងតំបន់លើកទី៣ហើយសម្រាប់កម្ពុជា ក្រោយក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។ លើកទី១ នៅឆ្នាំ២០០២ លើកទី២ នៅឆ្នាំ២០១២។
នៅចំពោះមុខមេដឹកនាំអាស៊ាន ដែលអវត្តមានតំណាងមកពីមីយ៉ាន់ម៉ានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមប្រជាជន និងជារាជរដ្ឋាភិបាលកម្ពុជា សម្តេចមានមោទនភាពយ៉ាងក្រៃលែង ក្នុងការទទួលតំណែងជាប្រធានប្តូរវេនរបស់អាស៊ានសម្រាប់ឆ្នាំ២០២២នេះ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត។ ជាពិសេសជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌, រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ, និងសហគមន៍មួយ។
សម្តេចតេជោ បានគូសបញ្ជាក់ថា «ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាប្តេជ្ញាចិត្តដឹកនាំអាស៊ានបោះជំហានទៅមុខក្រោមមូលបទ [អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T. Addressing challenges Together)] ដើម្បីភាពសុខដុមរមនា, សន្តិភាព និង វិបុលភាព ក្នុងតំបន់ទាំងមូល»។
FreshNews