វេទិកានៃជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន បានប្រារព្វពិធីបើកជាផ្លូវការហើយ នៅសណ្ឋាគារសូហ្វីតែលបាលី ក្នុងតំបន់លំហែកាយមាត់សមុទ្រកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃទី១១តុលានេះ។ប្រមុខរដ្ឋ – ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន ដែលអញ្ជើញចូលរួមក្នុងវេទិកាដ៏មានសារសំខាន់បំផុតនោះ រួមមាន ព្រះចៅស៊ុលតង់ ហាជី ហាស់សិនណាល ប៊ុលហ្កះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រប៊្រុយណេដារ៉ុយសាឡាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលួន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត មហាធា ម៉ូហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តមប្រធានាធិបតី នៃសហភាពមីយ៉ាន់ម៉ារ ឯកឧត្តម ឌូតឺតេ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ឯកឧត្តម ង្វៀន សួនហ៊្វិក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ រួមទាំងអគ្គលេខាធិកាអាស៊ាន ប្រធានមូលនិ ធិរូបិយវត្ថុពិភពលោក និងប្រធានធនាគារពិភពលោក ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ឯកឧត្តម យ៉ូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល និងឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសឹង្ហបុរី ប្រធានកិច្ច ប្រជុំកំពូលអាស៊ាន ។
នៅក្នុងវេទិកានៃជំនួបកំពូលរបស់មេដឹកនាំអាស៊ាន ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការអាស៊ាន និងឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ផងដែរនោះ បានអញ្ជើញថ្លែងសុន្ទរកថា ស្តីអំពីបច្ចុប្បន្នភាព និងទស្សនវិស័យ របស់ប្រទេសនិមួយៗ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី យ៉ូកូ វីដូដូ បានផ្តូចផ្តើមគំនិត និងអញ្ជើញបណ្តាមេដឹកនាំ អាស៊ាន រួមទាំងអគ្គលេខាធិការអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចូលរួមនៅ ក្នុងការជួបជុំដឹកនាំអាស៊ាន (ASEAN Leaders Gathering-ALG) ស្របពេលទៅ និងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុពិភពលោក (IMF) និងធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨ នៅថ្ងៃទី១២ តុលាស្អែក ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ។
គោលបំណងនៃ វេទិកាជំនួបថ្នាក់ដឹកនាំអាស៊ាននៅពេលនេះ មានគោលបំណងបង្ហាញពីសាមគ្គីភាពរបស់អាស៊ាន ទៅកាន់១៨៩ប្រទេស ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់មូលនិធិរូបិយវត្ថុពិភពលោក និងធនាគារពិភពលោក ដែលនឹងក្លាយជាឱកាសដ៏ល្អមួយ ក្នុងការចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួន នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ពិសេសទៅទៀតនោះ វេទិកានៃជំនួបថ្នាក់ដឹកនាំកំពូលអាស៊ាន ASEAN Leaders Gathering-ALG មានគោលដៅរក្សាភាពជាដៃគូរឹងមាំ ក្នុងចំណោមថ្នាក់ដឹកនាំអាស៊ាន ក្នុងការគ្រប់គ្រងចាត់ចែងកំណើនសេដ្ឋកិច្ច សំដៅធ្វើឲ្យប្រសើរឡើងនូវវឌ្ឍនភាព សមភាព ព្រមទាំងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDGs)។ ជាមួយប្រធានបទ ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ បណ្តាមេដឹកនាំអាស៊ាន បានចាត់ទុកថា អាស៊ានគឺជាប្លុកតំបន់មួយ ដែលមានការរីកចម្រើនឆាប់រហ័យ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលជាសេដ្ឋកិច្ចធំបំផុតទី៦ លើពិភពលោក ជាមួយនិងប្រជាជនប្រមាណ ៦៤០លាននាក់ និងជាកម្លាំងរុញច្រានសំខាន់មួយ សម្រាប់ពាណិជ្ជកម្ម និងកំណើនពិភពលោក។ ទស្សនវិស័យអនាគតសម្រាប់អាស៊ាន មានភាពល្អប្រសើរ ដោយយើងបានគំណត់ថា នឹងសម្រេចឲ្យបានកំណើនលើស ៥% ក្នុងឆ្នាំ២០១៨ និងលើសពី៥%នៅឆ្នាំក្រោយ និងក្នុងរយៈពេលមធ្យមខាងមុខ។
នៅក្នុងវេទិកានោះដែរ មេដឹកនាំអាស៊ាន បានសង្កត់ធ្ងន់ពីការសម្រេចបាននូវវឌ្ឍនភាពល្អប្រសើរ ក្នុងផ្នែកសង្គម ជាពិសេសលើ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាភាពល្អប្រសើរឡើងលើ សូចនាករសំខាន់ៗ នៃការអភិវឌ្ឃមនុស្ស។
មេដឹកនាំអាស៊ានក៏បានចាត់ទុក អាស៊ានគឺជាតំបន់ ដែលធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពមុនគេ។ អាស៊ានប្រកាន់នូវ គោលការណ៍ នៃភាពជាម្ចាស់ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់សារសំខាន់ ចំពោះការតភ្ជាប់សេដ្ឋកិច្ច ការផ្សារភ្ជាប់សង្គម ស្ថិរភាព និងសាមគ្គីភាព នៅក្នុងក្របខណ្ឌអេកូឡូ ស៊ីមួយ ដែលបើកចំហរ និងអំណោយផលចំពោះគ្រប់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងបង្កើតគំនិតផ្តួចផ្តើមថ្មី។
មេដឹកនាំអាស៊ាន ក៏បានគូសបញ្ជាក់ ពីតម្រូវការ នៃការពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយដៃគូ ដែលមានស្រាប់ ស្តារឡើងវិញនូវប្រព័ន្ធពាណិជ្ជកម្មសកល ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងបន្តធ្វើសមាហរណកម្មលើការតភ្ជាប់លើគ្រប់វិស័យ ដើម្បីពង្រឹងភាពទន់របស់អាស៊ាន ទៅនឹងការវិវត្តស្ថានភាពនយោបាយ សេដ្ឋកិច្ច និង សង្គម តាមរយៈនេះបានសន្យារួមគ្នា ក្នុងការធានាឪ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំពារកំណើនប្រកបដោយបរិយាប័ន្ន លើកកម្ពស់ឧត្តមភាពប្រកួតប្រជែង និងនវានុវត្តន៍ ជាពិសេសពង្រឹងការត្រៀមខ្លួនឲ្យប្រសើរជាងមុន តាមរយៈការពង្រឹងយន្តការតំបន់ ការបង្កើនការសម្របសម្រួល និងការចែករំលែកព័ត៌មាន ក៏ដូចជាការតាមដានជាប្រចាំ នូវស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទប់ស្កាត់ភាពមិនប្រក្រតី និងដោះស្រាយស្ថានភាពតានតឹងណាមួយ ដែលអាចកើតឡើង ដូចគ្នានឹងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ១៩៩៧ ឆ្នាំ២០០៨ ក្នុងគោលដៅធានានូវ សុខមាលភាព និងវឌ្ឍនភាពសង្គម ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ឆ្នាំ២០៣០។
Press OCM