នៅព្រឹក ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាក “ព្រះថោងនាងនាគ” នៅខេត្តព្រះសីហនុ។
រូបសំណាក “ព្រះថោងនាងនាគ” ត្រូវបានរៀបចំនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ។ រូបសំណាក ព្រះថោងតោងស្បៃព្រះនាងនាគ ដ៏ធំសម្បើមនេះ មានកម្ពស់ជាង ២១ម៉ែត្រ រចនាស្ថាបត្យកម្ម ដោយកូនខ្មែរ ត្រូវបានសាងសង់ឡើងយ៉ាងហ្មត់ចត់នៅប្រទេសចិន និងបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃ២៥ ខែមីនា ២០២២។
រូបសំណាក “ព្រះថោងនាងនាគ” បានដាក់បែរព្រះភក្ត្រ ឆ្ពោះទៅសមុទ្រ ដោយសាររឿងព្រេង ការកកើតនគរខ្មែរ គឺព្រះនាងនាគបានឲ្យព្រះថោង តោងកន្ទុយ ឬស្បៃ ដើម្បីមុជទឹក ហោះទៅកាន់ឋានស្ដេចភុជង្គនាគ ដើម្បីជួបមាតា បិតារបស់ព្រះនាង ហើយនោះ គឺជានិម្មិតរូប នៃការកកើតទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់នគរខ្មែរ គោកធ្លក ដែលគេឃើញមានតរៀងមកក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ រហូតដល់សព្វថ្ងៃ។
ក្រោយពីធីសាសនាដែលបានប្រារព្ធឡើងទៅតាមប្រពៃណីទំនៀមទំលាប់ខ្មែររួចមក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឡើងថ្លែងទៅកាន់បងប្អូនជនរួមជាតិប្រកបដោយអត្ថន័យសំខាន់ៗដូចខាងក្រោម:
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្តេចពិតជាមានការកោតសរសើរចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងក្រុមការងារទាំងអស់ដែលបានរៀបចំរូបសំណាកព្រះថោងតោងស្បៃនាងនាគ នៅខេត្តព្រះសីហនុ នាពេលនេះ ដែលជាផ្នែកមួយនៃការទាក់ទាញពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀតនៅលើទឹកដីនៃខេត្តព្រះសីហនុនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ក្រុងព្រះសីហនុ ជាក្រុងមួយដែលបង្កើតឡើងដោយអតីតព្រះមហាវីរក្សត្រ សម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលក្នុងនោះមានរូបតំណាងព្រះនាមព្រះអង្គនៅរង្វង់មូលតោពីរស្រាប់តែម្ដង។
ទាក់ទងទៅនឹងរូបសំណាកព្រះថោងនាងនាគនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីដើមកំណើតនៃប្រពៃណីព្រះថោងតោងស្បៃនាងនាគ ដែលមានការផ្សារភ្ជាប់នូវអរិយធម៌ វប្បធម៌របស់ខ្មែរយើងជាពិសេសទំនៀមទម្លាប់ប្រពៃណីក្នុងការរៀបអាពាហ៍ពិពាហ៍ដែលតែងតែមានការផ្សារភ្ជាប់ព្រះថោងនាងនាគ ជាពិសេសទំនៀមទម្លាប់ប្រុសចូលដណ្ដឹងស្រី ដែលកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ សម្ដេចតេជោបានមានប្រសាសន៍ថាការសាងសង់រូបសំណាកនេះមិនត្រឹមតែបង្ហាញអំពីអរិយធម៌ វប្បធម៌ដ៏ល្អផូផងរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានទាក់ទាញពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ស្របពេលដែលខេត្តព្រះសីហនុ បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន៣៧ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជាច្រើនទៀតនោះ។
ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ-១៩ សម្ដេចតេជោបានមានប្រសាសន៍ថា សម្តេចគ្មានបំណងដាក់បម្រាមណាមួយទៅលើការលេងកម្សាន្តនោះទេ សូមអាជ្ញាធរកុំឱ្យអនុវត្តវិធានការសុខាភិបាល សម្រាប់ការលេងកម្សាន្តនៅបុណ្យចូលឆ្នាំនេះ តែសម្ដេចតេជោសូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការអនុវត្តនូវវិធានការសុខាភិបាលក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដទាំងអស់គ្នា។ ទោះបីជាមានខេត្ត៤ អនុញ្ញាតឱ្យប្រជាជនជ្រើសរើសក្នុងការពាក់ ឬមិនពាក់ម៉ាស់ ក៏ដោយ ក៏ប៉ុន្តែ៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី គឺភាគច្រើនមិនមានការពាក់ម៉ាស់នោះទេ។ សម្តេចតេជោ សង្ឃឹមថា ពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំង នឹងអាចទទួលយកវ៉ាក់សាំងនៅតាមទីតាំងដែលអាជ្ញាធររៀបចំ នៅតាមកន្លែងកម្សាន្តមួយចំនួន នៅថ្ងៃចុងក្រោយ នៃបុណ្យចូលឆ្នាំនេះ។
ទាក់ទងទៅនឹងសុខសន្តិភាពប្រទេសជាតិ សម្តេចតេជោបានមានប្រសាសន៍ថា សន្តិភាពមានតម្លៃខ្លាំងណាស់ សម្រាប់ប្រទេសនីមួយៗ។ សម្ដេចតេជោបានបញ្ជាក់ថា កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព យើងត្រូវចូលរួមរក្សាសន្តិភាពឱ្យខាងតែបាន។សម្តេចតេជោមិនចង់ឱ្យយុវជនខ្មែររងគ្រោះដោយសារសង្គ្រាម ដូចជំនាន់សម្ដេចនៅពីក្មេងនោះទេ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសឱកាសបុណ្យចូលឆ្នាំ ព្រោះថាកូវីដ-១៩ មិនមានអ្នកស្លាប់ទេ តែគ្រោះថ្នាក់ចរាចរណ៍មានមនុស្សស្លាប់រាល់ថ្ងៃ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ និងបង្កើនការការពារប្រជាពលរដ្ឋ ដែលដើរកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ហើយសម្តេចក៏បានកោតសរសើរផងដែរ ចំពោះអាជ្ញាធរក្នុងការចូលរួមអនុវត្តវិធានការការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ ថ្ងៃកន្លងមកនេះ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនៅថ្ងៃចុងក្រោយនេះ និងជូនពរជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕
SPM