បន្ទាប់មកនៅរាត្រីថ្ងៃ ដដែលនោះដែរ ឯកឧត្តម យ៉ូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី និងលោកជំទាវ បានប្រារព្វពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ អគ្គលេខាធិការអាស៊ាន ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ដែលបានអញ្ជើញចូលរួមវេទិកា នៃជំនួបថ្នាក់ដឹកនាំកំពូលអាស៊ាន និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨ នៅកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី។
ថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនោះ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី យ៉ូកូ វីដូដូ មានប្រសាសន៍សំដែងនូវ ការវាយតម្លៃខ្ពស់ជូនចំពោះបណ្តាមេដឹកនាំ នៃប្រទេសអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ អគ្គលេខាធិការអាស៊ាន ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃបំផុត ឆ្លើយតបតាមអញ្ជើញរបស់ឯកឧត្តម អញ្ជើញមកចូលរួម កិច្ចប្រជុំកំពូលដ៏មានសារសំខាន់បំផុត នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
ឯកឧត្តមប្រធានាធិបតីបន្តថា យើងពិតជាមានការរីករាយ ចំពោះកិច្ចប្រជុំរបស់យើងក្នុងឆ្នាំ២០១៨នេះ ដែលវិវត្តន៍ទៅស្របពេល ដែលពិភពលោក កំពុងមានធ្វើការដោះស្រាយនូវបញ្ហាមួយចំនួន ដែលយើងនិងរួមគ្នាពិភាក្សាដោះស្រាយ ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨ នៅថ្ងៃស្អែក។
Press OCM