នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តពោធិ៍សាត់ចំនួន២០២២នាក់។
យោងតាមរបាយការណ៍អោយដឹង ពីអភិបាលរងស្ដីទីនៃខេត្តពោធិ៍សាត់បានដឹងថា ស្ថានភាពមន្ត្រីរាជការស៊ីវិល ទូទាំងខេត្ត សរុបមានចំនួន ៥,៩៧៦នាក់ ក្នុងនោះស្រី ២,៥៨១នាក់ មន្ត្រីក្របខណ្ឌសរុបចំនួន ១,០៧៨នាក់ ស្រី៣៥៦នាក់។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តពោធិ៍សាត់សារជាថ្មីម្តងទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងខេត្តពោធិ៍សាត់ទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវិដ-១៩ របស់ប្រទេសកម្ពុជា តាមរយ:យុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើអោយកម្ពុជាមានឱកាសបើកដំណើរការប្រទេសជាតិឡើងវិញតាមគន្លងប្រក្រតីភាពថ្មីនាពេលនេះ។ ទាំងអស់នេះដោយសារតែការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ក្នុងការទប់ស្កាត់ការចំលងនៃជំងឺកូវីដ-១៩ នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការអោយបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច។
សម្ដេចតេជោក៏សុំឲ្យអាជ្ញាធរកងកម្លាំងប្រដាប់អាវុធត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដែលស្ថិតជាប់នឹងខេត្តរបស់ខ្លួនដូចជាប្រទេសថៃជាដើម ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ ជាពិសេសពង្រឹងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសជិតខាងអោយបានល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តពោធិ៍សាត់ដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តមួយនេះអោយឱ្យមានការរីកចម្រើន៕
SPM