ឯកឧត្តមទេសរដ្ឋមន្រ្តី យឹម ណុលឡា ៖ ប្រទេសជាតិគ្របដណ្តប់ដោយម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋ សប្បាយរីករាយក្នុងការចូលរួមបុណ្យភ្ជុំបិណ្ឌ និងបុណ្យផ្សេងៗទៀត។
(តាកែវ)៖ ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅវត្តសម្តេចពាន់ និងវត្តសាបាត ស្ថិតក្នុងឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ឯកឧត្តមទេសរដ្ឋមន្រ្តី យឹម ណុលឡា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ ព្រមទាំងឯកឧត្ដមអនុប្រធាន សមាជិក សមាជិកា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានផ្នែក អនុប្រធានផ្នែក និងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញទៅចូលរួមដាក់បិណ្ឌវេនទី១២ (រួម១៣វត្ត) ប្រារព្ធពិធីតាមទំនៀមទម្លាប់ និងឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធឧបការីជន ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋាន ពិសេសដល់យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។
ឯកឧត្តមបញ្ជាក់ជូនពុទ្ធបរិស័ទថាឆ្លងកាត់រយៈពេល៤០ឆ្នាំមកនេះ ផ្តើមពីជ័យជម្នះ ៧មករា ប្រទេសកម្ពុជាមានការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្រ្ត។
ក្រោមម្លប់សន្តិភាព កម្ពុជាចាប់ផ្តើមមានកម្លាំងសេដ្ឋកិច្ច ងើបផុតចេញពីឋានៈជាប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាផ្លូវការក្នុងឆ្នាំ២០១៦ ហើយកម្ពុជាក៏មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការពន្លឿនពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច ការលើកកម្ពស់សមត្ថភាព ការប្រកួតប្រជែង ការបង្កើនផលិតភាព និងតម្លៃបន្ថែមក្នុងប្រព័ន្ធខ្សែចង្វាក់តម្លៃសកល និងបង្កើនភាពធន់នឹងវិបត្តិ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ធាតុផ្សំនៃសន្តិភាព អត្រាកំណើនសេដ្ឋកិច្ចខ្ពស់ រួមផ្សំនឹងការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជាតិដ៏ត្រឹមត្រូវក្រោមយុទ្ធសាស្រ្តចតុកោណ បានធ្វើឱ្យអត្រានៃភាពក្រីក្ររបស់ប្រជាជនខ្មែរថយចុះយ៉ាងគំហុកពី ៥៣.២% ក្នុងឆ្នាំ២០០៤ មកនៅក្នុងរង្វង់ ១០% នាពេលបច្ចុប្បន្ន។
នេះគឺដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបាននាំយកប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាម ដោយអនុវត្តន៍យុទ្ធសាស្រ្តឈ្នះ-ឈ្នះ ក្នុងការផ្សះផ្សាបង្រួបបង្រួមជាតិ ដែលធ្វើឱ្យប្រទេសមានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋប្រកបរបរទទួលទានបានដោយសេរី ធ្វើឱ្យមានជីវភាពធូរធា ទើបពលរដ្ឋមានលទ្ធភាព និងឱកាសធ្វើបុណ្យនានាជុំបងប្អូនដោយសប្បាយរីករាយបែបនេះ ពិសេសគឺបុណ្យភ្ជុំបិណ្ឌនេះតែម្តង។
នៅក្នុងកម្មវិធីនេះ ឯកឧត្តម យឹម ណុលឡា ក៏បានលើកឡើងថា កម្ពុជាមិនអាចទទួលយកការកៀបសង្កត់ ឬការជ្រៀតជ្រែកណាមួយបានឡើយ ជាពិសេសការប៉ុនប៉ងពីខាងក្រៅដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ ផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលការប៉ុនប៉ងបែបនេះ បាននិងកំពុងបង្កនូវជម្លោះផ្ទៃក្នុង អស្ថិរភាព អសន្តិសុខ សង្គ្រាម ទុក្ខវេទនា ការរត់ភៀសខ្លួន និងការបាត់បង់ជីវិតប្រជាជនស្លូតត្រង់រាប់សែនលាននាក់យ៉ាងអយុត្តិធម៌បំផុតនៅក្នុងប្រទេសមួយចំនួនដែលរកទីបញ្ចប់មិនឃើញ ហើយបានអំពាវនាវដល់បងប្អូនរក្សាសន្តិភាពឱ្យខានតែបាន។
ECOSOCC