ថ្ងៃច័ន្ទ ១រោច ខែផល្គុនឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០ព្រឹក នៅបន្ទប់ប្រជុំលេខ២០៤ អាគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តមទូច ស៊ាងតាណា ទីប្រឹក្សាបច្ចេកទេសក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំអនុក្រុមការងារសិក្សាស្រាវជ្រាវអំពីជីវភាពរស់នៅរបស់ប្រជាជន ដោយមានអញ្ចើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក អគ្គលេខាធិការរង ប្រធានផ្នែក អនុប្រធានផ្នែក និងមន្រ្ដី នៃអគ្គលេខាធិការ ក.ស.វ.។
គោលបំណងសិក្សាស្រាវជ្រាវអំពីជីវភាពរស់នៅរបស់ប្រជាជន៖
១.សិក្សាអំពីសកម្មភាពជាក់ស្តែងទាក់ទងទៅនឹងការប្រើប្រាស់ពលកម្ម និងលទ្ធភាពអាចរក ការងារធ្វើបាន របស់ប្រជាជននៅតាមតំបន់ភូមិសាស្ត្រនៅជាប់ជិតទីប្រជុំជនសំខាន់ៗ, តំបន់ភូមិសាស្ត្រ នៅជាប់ជិតបឹង ទន្លេឬសមុទ្រ និងតំបន់ជនបទដាច់ស្រយាល ។
២.ស្វែងរកឲ្យឃើញប្រភពផ្គត់ផ្គង់ម្ហូបអាហារសម្រាប់ការហូបចុករបស់ប្រជាជនទាំង៣ក្រុមដែលទាក់ទងទៅនឹងរបរកសិកម្ម, ជលផល, ការចិញ្ចឹមសត្វ ។ល។ និងការយល់ដឹងពីការថែទាំសុខភាព និងអានាម័យ។
៣.ស្វែងរកឲ្យឃើញពីតួនាទីរបស់ធនធានធម្មជាតិក្នុងការផ្តល់ប្រភពចំណីអាហារដល់ប្រជាជនទាំង៣ក្រុម ដើម្បីកំណត់ពីសារសំខាន់របស់នៅក្នុងជីវភាពរស់នៅរបស់ប្រជាជន។
៤.សិក្សាអំពីលទ្ធភាពប្រើប្រាស់អប់រំនិងសុខាភិបាល និងលទ្ធភាពប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍របស់ប្រជាជនទាំង៣ក្រុម ដែលឆ្លុះបញ្ចាំងពីលទ្ធភាពចូលទៅទីផ្សាសំភារៈបម្រើជីវភាពរស់នៅប្រចាំថ្ងៃ។
៥.ស្វែងរកឲ្យឃើញកំរិតនៃការប្រើប្រាស់ថាមពល និងលទ្ធភាពដែលអាចទទួលបាននូវពត៌មានរបស់ប្រជាជនទាំង៣ក្រុមដែលបង្ហាញពីបច្ចុប្បន្នភាពនៃការយល់ដឹងរបស់ពួកគាត់។
៦.កំណត់ឲ្យបាននូវកំរិតជីវភាពរស់នៅទាក់ទងទៅនឹងបរិមាណនិងគុណភាពម្ហូបអាហារ, ការថែ ទាំសុខភាពអនាម័យ លទ្ធភាពប្រើប្រាស់ និងទទួលបានសេវាសាធារណៈផ្សេងៗដែលមានរបស់ប្រជាជនទាំង៣ក្រុម។
ECOSOCC