ព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅបន្ទប់១៣១ អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ប៉ិច សុខា សមាជិកនិងជាអគ្គលេខាធិការរង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌(ECOSOCC) អនុប្រធានអចិន្រ្តៃយ៍ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត បានដឹកនាំប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(ក្រុមRIA)របស់ECOSOCC ជាមួយក្រុមRIAក្រសួងឧស្សាហកម្មនិងសិប្បកម្ម ដើម្បីពិនិត្យផ្តល់យោបល់ចុងក្រោយលើរបាយការណ៍វាយតម្លៃបឋមលើផលប៉ះពាល់លើសេចក្តីព្រាងប្រកាសស្តីពីវិធានសម្រាប់គ្រប់គ្រង និងដំណើរការសហគ្រាស សិប្បកម្ម ផលិតទឹកពិសាដប។
ទឹកពិសាដបជាប្រភេទទឹកដែលផលិតឡើងដើម្បីបរិភោគ និងទ្រទ្រង់សុខុមាលភាពមនុស្សជាតិ។ ភាពអនុលោមតាមស្តង់ដារទឹកពិសាដបជាកាតព្វកិច្ចដែលផលិតករត្រូវអនុវត្តតាមឱ្យបានត្រឹមត្រូវដោយមិនអាចខកខានបានឡើយ។ ទោះជាកន្លងមកយើងមានប្រកាសស្តីពីវិធានសម្រាប់គ្រប់គ្រង និងដំណើរការសហគ្រាស សិប្បកម្មផលិតទឹកពិសាដបហើយក្តី ក៏ប្រកាសនេះនៅមានលក្ខណៈខ្វះខាត មិនគ្រប់ជ្រុងជ្រោយ ជាហេតុបង្កឱ្យមានផលលំបាកដល់ផលិតករក្នុងការអនុវត្ត ម្យ៉ាងទៀតផលិតផលទឹកពិសាដបភាគច្រើនមិនបានបំពេញទៅតាមស្តង់ដារដែលបានកំណត់ ជាហេតុបណ្តាលឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ហើយឈានទៅរកការបាត់បង់នូវទំនុកចិត្ត ក៏ដូចជាបរិយាកាសវិនិយោគផងដែរ។ ដើម្បីឱ្យទឹកពិសាដបផលិតឡើងស្របតាមស្តង់ដារគុណភាពទឹកសុទ្ធ ចាំបាច់ត្រូវធ្វើវិសោធនកម្មប្រកាសស្តីពីវិធានសម្រាប់គ្រប់គ្រងដំណើរការសហគ្រាសសិប្បកម្មផលិតទឹកពិសាដប ដោយកំណត់នូវវិធាននិងលក្ខណៈបច្ចេកទេសនានា ក្នុងគោលបំណងបង្កភាពងាយស្រួលដល់ការអនុវត្ត ដើម្បីឱ្យផលិតផលទឹកពិសាដបមានភាពអនុលោមដែលជាទំនុកចិត្តពីសំណាក់អ្នកប្រើប្រាស់ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ។
ECOSOCC