ពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយសមិទ្ធផលការងារ១០ឆ្នាំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងការអនុវត្តកម្មវិធីវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដែលប្រព្រឹត្ដទៅនៅថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ដែលប្រព្រឹត្តនៅសណ្ឋាគារសុខា ភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម យឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។
អង្គសិក្ខាសាលានេះមានគោលបំណងផ្ដល់នូវបទបង្ហាញលើកិច្ចការសំខាន់ៗពាក់ព័ន្ធវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងចង់បានការចូលរួមនូវមតិយោបល់ល្អៗដែលជាធាតុចូលថ្មីៗនិងមានតម្លៃជាអត្ថប្រយោជន៍សម្រាប់យកទៅកែលម្អនូវរាល់ចំណុចខ្វះខាតទាំងឡាយនិងធ្វើការរៀបចំផែនការយុទ្ធសាស្រ្ដសំខាន់ៗនិងផែនការសកម្មភាពការងារមួយចំនួនថែមទៀតសម្រាប់ទិសដៅការងារឆ្នាំ២០១៩ និងនាពេលអនាគត។
សមិទ្ធផលជាក់ស្ដែងក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សម្រេចបាន ៖
១ ការងារវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
២ ការងារសិក្សាស្រាវជ្រាវ
៣ ការងារផ្ដល់យោបល់លើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ត
៤ ការងារផ្ដល់យោបល់លើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្រ្ដ ផែនការសកម្មភាព របាយការណ៍ កិច្ចព្រមព្រៀង និងឯកសារផ្សេងៗ
៥ ការងារអនុវត្ដកម្មវិធីRIA
៦ ការងារពិសេសពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយឯកឧត្តមប្រធាន។
ECOSOCC