មិនថាក្នុងកាលៈទេសៈណានោះទេ អង្ករតែងតែជាអាហារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ ក្នុងមួយឆ្នាំៗប្រជាជនកម្ពុជាម្នាក់ទទួលទានអង្ករអស់ប្រមាណ ១៤៣ គីឡួក្រាម។ គ្រួសារចំនួន៦៧% ចួលរួមនៅក្នុងការងារផលិតកម្មអង្ករ។ សម្រាប់គ្រួសារ អង្ករត្រូវបានចាត់ទុកថាជាប្រភេទដំណាំដែលផ្ដល់នូវប្រាក់ចំណួល និងរក្សាសន្ដិសុខស្បៀង។ សម្រាប់ប្រទេសជាតិវិញ កសិកម្មនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍជាតិ។ វិស័យកសិកម្មរួមចំណែកប្រមាណ៣៤,៤% នៅក្នុងផលិតផលក្នុងស្រុក (GDP) ឆ្នាំ២០០៨ ដែលក្នុងនោះ៩%បានមកពីដំណាំស្រូវ។ នៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ជ្រុងយុទ្ធសាស្រ្តមួយ គឺការជំរុញដល់ “ការលើកស្ទួយវិស័យកសិកម្ម” សំដៅឲ្យមានសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល ការងារ និងលើកកំពស់ ស្ថានភាពអាហារូបត្ថមសម្រាប់ប្រជាជនគ្រប់រូប តាមរយៈការលើកកំពស់ផលិតភាព ពិពិធកម្ម និងពាណិជ្ជភាវូបនីកម្មវិស័យ កសិកម្មដោយមានការការពារចំពោះបរិស្ថាន និងសន្តិសុខស្បៀង។